ខេត្តបាត់ដំបង៖ មិនខុសពីការរិះគន់របស់មហាជនមែនលឺគេថា១000ដង មិនស្មើបានឃើញម្តង ទេ គឺថាៈ មិនដឹងជាសមត្ថកិច្ចពាក់ព័ន្ធណាខ្លះទេ ដែលមានតួនាទីដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍តាមដង ផ្លូវជាហូរហែរតាំងពីមាត់ច្រកទ្វាព្រុំដែន និងតាមគោលដៅផ្សេង គេតែងតែឃើញមានប៉ុស្តិ៍ត្រួតពិនិត្យ ដាក់កុងត្រូលចាំយកលុយពីម្ចាស់រថយន្តដែលដឹកសំពីងសំពោង និងរថយន្តដែលខុសបច្ចេកទេស គ្រប់រថយន្តទាំងអស់ ។
តើជាកំហុសអ្នកណា? កំហុសសមត្ថកិច្ចជំនាញ ឬជាកំហុសម្ចាស់រថយន្តទៅទើបបណ្តោយឲ្យមាន ការដឹកទំនិញសំពីងសំពោង និងលើសទម្ងន់យ៉ាងអាណាធិបតេយ្យក្នុងខេត្តបាត់ដំបងបែបនេះ ។
សកម្មភាពដាក់ប៉ុស្តិ៍ទាំងអស់នេះត្រូវមហាជន ក៏ដូចជាមជ្ឈដ្ឋានទូទៅដាក់ការរិះគន់ចំៗថាៈ គឺ គ្រាន់តែធ្វើឲ្យល្អមើលតែប៉ុណ្ណោះទេ វាជារូបភាពរកលុយរបស់សម្ត្ថកិច្ចដើម្បីចែកគ្នាចាយ និងបង់ឲ្យ មេតែប៉ុណ្ណោះ ទោះបីដឹងថាទង្វើបែបនេះ វាខុសពីបទបញ្ជាររបស់ថ្នាក់ដឹកនាំក៏ដោយចុះ ។ ផ្ទុយ ទៅវិញពួកគេមិនដែលខ្វល់ខ្វាយពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវឡើយ ជាពិសេស គឺរថយន្តដឹកទំនិញរបស់ឈ្មួញដឹកលើសចំណុះ ឬឈ្មួញដឹកខុសបទដ្ឋានបច្ចេកទេសជាដើម ធ្វើម៉េច ឲ្យតែឈ្មួញញាត់លុយចូលហោប៉ៅគឺចប់តែម្តងរឿង ។
ដូចឃើញក្នុងសកម្មភាពនេះជាដើម គឺជាសកម្មភាពរថយន្តឈ្មួញដឹកបន្លែត្រីសាច់សំពីងសំពោង ដែលនាំចូលពីប្រទេសថៃតាមផ្លូវលេខ ៥៧ ពីច្រកឡែមចេញទៅផ្លូវ ៥៧B ឆ្លងទៅផ្លូវជាតិលេខ៥ ក្នុងស្រុកថ្មគោល ។
ជាក់ស្តែងព្រឹកថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះ គេឃើញ ប៉ូលីសចរាចរបានដាក់ ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍២គោលដៅ គឺនៅផ្លូវ៥៧បេ ចន្លោះគ.ម៤-៥ មួយកន្លែង និងផ្លូវជាតិលេខ៥ ជិតដល់ផ្លូវបំបែកចូលខេត្តបាត់ដំបងមួយកន្លែងទៀត ។ អ្វីដែលធ្វើឲ្យគេហួសចិត្តខ្លាំងនោះគឺ មានរថយន្តដឹកបន្លែផ្លែឈើ នាំចូលពីប្រទេសថៃយ៉ាងសំពីងសំពោងដឹកហួសចំណុះជាច្រើនគ្រឿងឆ្លង កាត់ប៉ុស្តិ៍ត្រួតពិនិត្យ ចរាចរណ៍របស់ប៉ូលីសប៉ុស្តិ៍ទាំង២យ៉ាងរលូន។ កាលដែលរថយន្តដឹកលើសចំណុះ ឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ របស់ប៉ូលីសចរាចរស្រុកថ្មគោលដោយរលូននេះ គឺដោយសារតែគេឃើញ ព្រូឡាននីមួយៗពេលទៅដល់ប៉ុស្តិ៍ភ្លាមរត់ទាំងត្រដាបត្រដួសយកលុយទៅដាក់លើតុប៉ូលីស ជាថ្នូរនឹង ការមិនត្រួតពិនិត្យរថយន្ត ដើម្បីងាយស្រួលបន្តដំណើរទៅមុខទៀតកុំឲ្យខាតពេលយូរ ។ ចំណែកមន្ត្រី ប៉ូលីសចរាចរណ៍ ពេលបានឃើញព្រូឡានយកសំណែនទៅជូនដល់តុហើយនោះ បានត្រឹមអើតកឡើមៗ មើលក្នុងរថយន្តតិចតួចរួចក៏ឲ្យរថយន្តទាំងអស់នោះ បន្តដំណើរទៅមុខតាមសម្រួលដោយមិនខ្វល់ពីហា និភ័យផ្សេងៗដែលអាចកើតឡើងដោយផ្ទុកទំនិញ លើសចំណុះនោះឡើយ ។
កាន់តែអស្ចារ្យនិងរឹតតែនឹកស្មានមិនដល់ទៀតនោះ ភាពធូររលុងដោយយកលុយជាធំមិនខ្វល់ពី ហានិភ័យទាំនោះហើយ ទើប មានឧបទ្ទវហេតុមួយកើតឡើងភ្លាមៗនៅចំណុចប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍ របស់ប៉ូលីសខេត្តបាត់ដំបងដោយអ្នកបើកបររថយន្តជាន់ហ្វ្រាំងឈប់ទាំងបង្ខំដើម្បីឲ្យប៉ូលីសឆែកឆេរ ស្រាប់តែ រថយន្តបះមុខច្រង៉ាងៗធ្វើឱ្យទំនិញនៅខាងក្រោយ ដែលផ្ទុកលើសទម្ងន់នោះធ្លាក់ខ្ចាត់ខ្ចាយ រាយពេញផ្លូវ។ ដោយការដឹកលើសទម្ងន់នេះ ក៏អាចមានហានិភ័យទៅដល់អ្នកធ្វើដំណើរលើដងផ្លូវដែរ តែ សំណាងល្អពុំមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។
ប្រភពពីខេត្តបាត់ដំបងបានឲ្យដឹងទៀតថាៈ ក្នុងឧបទ្ទវហេតុនោះក៏មានអ្នកធ្វើដំណើរតាមផ្លូវ និង អ្នកកាសែផងដែរដែលហួសចិត្តជាខ្លាំង ដោយឃើញសកម្មភាពយ៉ាងដូច្នេះក៏នាំគ្នា ទាញយកទូរស័ព្ទ និងម៉ាស៊ីនថត មកផ្តិតយករូបភាពទុកគ្រាន់មើល បុន្តែត្រូវបានមន្ត្រីនគរបាលចរាចរណ៍ ២-៣នាក់ ឆ្លេឆ្លារារាំងដេញមិនឱ្យថតឡើយដោយសំអាងថាខ្លាចមេស្តីបន្ទោស ។ ដោយឃើញទង្វើរបស់មន្រ្តី ចរាចរណ៍បែបនេះ ប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវនោះនាំគ្នា ហួសចិត្តនូវទង្វើនេះហើយម្នាក់ៗចេះតែ គិតថា ព្រោះតែចង់បានលុយចូលក្នុងហោប៉ៅចែកគ្នាចាយយ៉ាងត្រជាក់ចិត្តហើយទើបមិន ខ្វល់ខ្វាយ ពីហានិភ័យនៅពេលខាងមុខសោះ។ ម៉្យាងទៀត ទោះបីឃើញ ឬដឹងថារថយន្តដឹកទំនិញលើសចំណុះ ខុសច្បាប់ចរាចរណ៍យ៉ាងណាក៏ដោយ ក៏មន្ត្រីនគរបាលចរាចរណ៍នៅតែមិនខ្វល់ឡើយ លុះមាន ឧបទ្ទវហេតុកើតឡើងទើបនាំគ្នាសភ្នែក ។
ពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ក៏ដូចជាមហាជនបានលើកឡើងបែបនេះថាៈ បើលោកស្នងការ នគរបាល ខេត្តបាត់ដំបងនៅតែបណ្ដែតបណ្ដោយឱ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនធ្វើបែបនេះនោះនឹងមាន គ្រោះថ្នាក់កើតឡើងម្តងហើយម្តងទៀតពីរសំណាក់រថយន្តដឹកទំនិញលើសចំណុះទាំងនោះ ព្រមទាំង បង្កឱ្យមានហានិភ័យដល់អ្នកធ្វើដំណើរតាមដងផ្លូវជាពុំខានឡើយ ៕