រតនគិរី៖ ប្រេងក៏ជារបស់រដ្ឋ គ្រឿងចក្រក៏ជារបស់រដ្ឋ ចុះហេតុអ្វីបានជាលោក សាយសាមាន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តរតនគិរីចិត្តធំហ៊ានយកគ្រឿងចក្ររបស់រដ្ឋទៅបំឲ្យផលប្រយោជន៍ឯកជនរបស់ខ្លួនបែបនេះទៅវិញ ? ឬមួយក្នុងនាមប្រធានមន្ទីរ ពិតជាអាចយកគ្រឿងចក្ររបស់រដ្ឋទៅបម្រើរផលប្រយោជន៍ឯកជនបានមែន ?
ជាក់ស្ដែងកាលពីថ្ងៃទី 2២ ខែមេសាឆ្នាំ 2024 កន្លងទៅថ្មីៗនេះតែម្ដង គេសង្គេតឃើញ នៅចំណុចភូមិ 4 ទល់មុខសាលាអេសអូអេស មានគេយកគ្រឿងចក្ររបស់រដ្ឋដែលមានបិទLogo ក្រសួងសារធារណៈការ និងដឹកជញ្ជូន ដោយបានដឹកដីពីកន្លែងផ្សេងមកចាក់បំពេញដីជ្រោះនៅចំណុចខាងលើជាច្រើនឡានសង្ស័យមានបំណងធ្វើផ្ទះ ឬធ្វើតូបលក់ឬជួលជាដើម ។ សកម្មភាពខាងលើនេះបន្ទាប់ពីក្រុមសារព័ត៌មានបានចុះទៅផ្តឹតយករូបភាពនៅចំណុចខាងលើនេះ បុគ្គលម្នាក់ដែលចាំមើលការខុសត្រូវក្នុងការចាក់ដីនៅចំណុចនោះបានលើកឡើងថា : មកថតអីកន្លែងនេះគេពង្រីកផ្លូវទេ ។
បាទប្រិយមិត្តទស្សនិកជនជាទីមេត្រី បន្ទាប់ពីអ្នកមើលការខុសត្រូវនៅចំណុចខាងលើនោះ បានលើកឡើងថាគេបានពង្រីកផ្លូវនោះ អង្គភាពរាជសីហ៍ឦសានយើងក៏បានព្យាយាមសុំការបំភ្លឺទៅលោក ទុន ពៅ ចៅសង្កាត់កាចាញ ដែរក្រែងលោកដឹងថាជាគម្រោងរបស់ឃុំសង្កាត់ ឬគម្រោងរបស់ខាងណានោះ តែលោកបានបញ្ជាក់ប្រាប់អង្គភាពយើងថា លោកពិតជាមិនបានដឹងទេ ព្រោះឃុំសង្កាត់មិនមានគម្រោងអ្វីឡើយ ហើយចំពោះការចាក់ដីនៅចំណុចខាងលើនោះ ប្រហែលគេចាក់ដីឯកជនគេទេ ។
ទាក់ទងនឹងការចាក់ដីនៅចំណុចខាងលើនោះទៀតសោត ប្រជាពលរដ្ឋបានលើកឡើងថាដីនៅចំណុចខាងលើនេះគឺជាដីរបស់លោក ឡៅ ឃុនសេង ( ហៅតាកៅ ) តែថ្មីៗនេះឮថាដីខាងលើនេះបានលក់ទៅឲ្យ លោក សាយ សាមាន ប្រធានមន្ទីរសាធារណការបាត់ទៅហើយ ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី 23 ខែមេសា ឆ្នាំ 2024 អង្គភាពរាជសីហ៍ឦសានយើងក៏បានទូរសព្ទទៅលោក ឡៅ ឃុនសេង ផងដែរ ដោយលោកបានបញ្ជាក់ថា ដីខាងលើពីមុនជាដីរបស់លោកមែន តែឥឡូវលោកបានលក់បាត់ទៅហើយ ចំពោះការចាក់ដីនោះប្រហែលជាម្ចាស់គេជាអ្នកចាក់ទេ ។
លោក ប៊ី ជីវន្តតារា ប្រធានភូមិបាលក្រុងបានលុង បាទបញ្ជាក់ថា: ដីក្នុងភូមិសាស្ត្រខាងលើគឺពិតជាដីលោក សាយ សាមាន ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តរតនៈគីរីមែន ។
ជុំវិញសកម្មភាពយកគ្រឿងចក្ររបស់រដ្ឋទៅបម្រើឲ្យផលប្រយោជន៍ឯកជនក្នុងភូមិសាស្ត្រ ភូមិបួន សង្កាត់ការចាញ ក្រុងបានលុងខេត្តរតនៈគីរី ខាងលើនេះដែរ អង្គភាពរាជសីហ៍ឥសានយើងបានព្យាយាមទូរសព្ទទៅលោកសាយសាមាន ប្រធានមន្ទីរសាធារណការដែរ តាមរយៈលេខ 015285666 និង 0882267666 តែទោះបីអង្គភាពយើងព្យាយាមទេជាច្រើនដងយ៉ាងណា ក៏នៅតែមិនមានអ្នកទទួល ។
គួរបញ្ជាក់ផងដែរថា ជុំវិញករណីខាងលើនេះ អង្គភាពយើងនិងព្យាយាមរង់ចាំការស្រាយបំភ្លឺពីគ្រប់អង្គភាពដែលពាក់ព័ន្ធគ្រប់ពេលវេលារាល់ម៉ោងធ្វើការតាមច្បាប់នៃរបបសារព័ត៌មាន។