រតនគិរី៖ ឈ្មួញជនជាតិវៀតណាមកំពុងអរសប្បាយ ក្នុងការប្រមូលទិញផ្លែសំរង ក្នុងក្រុងបានលុង ដោយបានយកឃ្លាំងអ្នកឧកញ៉ាទ្រីភាព ធ្វើជាទីតាំងជួញដូរផ្លែសំរ៉ងយ៉ាងអាណាធិបតេយ្យដូចផ្សារលក់ត្រី សកម្មភាពទាំងអស់នេះ ហាក់បីដូចជា មានការបើកភ្លើងខៀវ ពីអាជ្ញាធរខេត្ត ក៏ដូចជាសមត្ថកិច្ចជំនាញក្នុងខេត្តរតនគិរីផងដែរ ។
ក្រុមឈ្មួញជនជាតិវៀតណាមហាក់ត្រជាត់ចិត្តខ្លាំងព្រោះបានឃ្លាំងអ្នកឧកញ៉ាទ្រីភាពជាម្លប់ដ៏ត្រជាក់និងជាទីតាំងដ៏ល្អសម្រាប់ឈរទិញផ្លែសំរង ដែលអាចបិទបាំងភ្នែកមហាជនបានយ៉ាងរលូន ។
តាមប្រភពពីឈ្មួញដែលទិញផ្លែសំរ៉ងពីក្នុងព្រៃយកមកលក់បន្តឲ្យឈ្មួញវៀតណាមបានត្អូញត្អែរថា ៖ ទោះបីថាផ្លែសំរងថ្លៃក៏ពិតមែន តែពួកគាត់កំពុងប្រឈម និងការខាតបង់យ៉ាងខ្លាំង ស្របពេលដែល ឈ្មួញវៀតណាមកំពុងឈរទិញ ដោយគ្មានហាងឆេងពិតប្រាកដ ពីមួយថ្ងៃទៅមួយថ្ងៃ ហាងឆេងផ្លែសំរង បានធ្លាក់ចុះយ៉ាងកំហុក ព្រោះតែហាងឆេងនៅលើបបូរមាត់របស់ក្រុមឈ្មួញវៀតណាមទាំងនោះដែលឈរចាំទិញនៅក្នុងឃ្លាំងអ្នកឧកញ៉ាទ្រីភាព ។
ពួកគាត់បានបន្តទៀតថា : ចំពោះប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនជនជាតិដើមភាគតិច អាចមានជីវភាពធូរធាជាងមុនព្រោះតែពួកគាត់ចូលទៅរកផ្លែសំរងយកមកលក់ តែចំពោះឈ្មួញកណ្ដាលដែលបានទិញពីពលរដ្ឋយកមកលក់បន្តឱ្យជនឈ្មួញវៀតណាមវិញអាចនឹងខាតបង់យ៉ាងធ្ងន់ធ្ងរ ព្រោះថាហាងឆេងកំពុងធ្លាក់ចុះយ៉ាងខ្លាំង ។
តាមការរៀបរាប់ពីបងប្អូនប្រជាពលរដ្ឋ ឬឈ្មួញកណ្ដាល បានរៀបរាប់ប្រាប់រាជសីហ៍ឦសានយើងថា ៖ សំរោងឆ្នាំនេះឃើញថាផ្លែច្រើន ប៉ុន្តែមិនដឹងថាឆ្នាំក្រោយមានផ្លែសំរងទៀតដែរឬយ៉ាងណានោះទេ ព្រោះឆ្នាំនេះពលរដ្ឋដែលចូលទៅក្នុងព្រៃនោះ បានកាត់ដើមសំរ៉ងផ្ដួលដើម្បីរើសយកផ្លែអស់ទៅហើយនោះ ។
បើតាមការឲ្យដឹងពីបងប្អូនប្រជាពលរដ្ឋដែលបានចូលទៅរំលំដើមសំរោងបានរៀបរាប់ថា ក្នុងដើមសំរោងមួយដើមប្រសិនបើផ្ដួលរំលំហើយរើសយកផ្លែនោះ ជាធម្មតាអាចរើសផ្លែបានចាប់ពី 40 គីឡូក្រាម ទៅ 60 គីឡូក្រាមក្នុងមួយដើម ។ ហើយចំពោះភូមិសាស្ត្រដែលសម្បូរដើមសំរ៉ងច្រើនជាងគេនៅក្នុងខេត្តរតនគិរី គឺស្ថិតនៅក្នុងដែនឧទ្យានជាតិវីរ:ជ័យតែម្ដង ។
បើតាមប្រភពពីក្រុមឈ្មួញវៀតណាមដែលឈរចាំទិញនៅក្នុងឃ្លាំងអ្នកឧកញ៉ាទ្រីភាពបានប្រាប់ថា : ផ្លែសំរងដែលក្រុមឈ្មួញវៀតណាមឈរទិញទាំងយប់ទាំងថ្ងៃនេះ ក្នុងមួយថ្ងៃពីរ៧០តោនទៅ 80 តោនឯណោះ ។ ហើយបច្ចុប្បន្នតម្លៃហាងឆេងឃើញថាធ្លាក់ចុះខ្លាំងគឺក្នុងមួយគីឡូក្រាមតម្លៃត្រឹមតែ 45.000 រៀលតែប៉ុណ្ណោះ ។
ប្រភពពីមហាជនក៏ដូចជាមន្ត្រីរាជការមួយចំនួនបានលើកឡើងថា: បើយើងគណនាជាមធ្យមភាគ ក្នុងមួយថ្ងៃមួយថ្ងៃ ដើមសំរងដែលកាប់ផ្ដួលរំលំមិនក្រោម 1,500 ដើមនោះទេ ព្រោះដើមសំរ៉ងមួយដើម ប្រមូលផលបានត្រឹមតែ 50 គីឡូទៅ 60 គីឡូប៉ុណ្ណោះ រីឯឈ្មួញវៀតណាមដែលឈរចាំទិញវិញក្នុងមួយថ្ងៃទិញបានរហូតដល់ទៅ 70 តោនទៅ 80 តោន ។
ជុំវិញការប្រមូលទិញផ្លែសំរ៉ង នៅក្នុងឃ្លាំងអ្នកឧកញ៉ាទ្រីភាពខាងលើនេះ ប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅ បានរិះគន់ចំៗថា: មិនគួរណា អាជ្ញាធរខេត្តបណ្ដោយឱ្យក្រុមឈ្មួញវៀតណាម កាន់ប៉ាស្ព័រ ទេសចរណ៍ ចូលមកធ្វើអាជីវកម្មក្នុងក្រុងបានលុងយ៉ាងអាណាធិបតេយ្យបែបនេះឡើយ ។