(កែប)៖ ពិធីបុណ្យសមុទ្រ លើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នឹងត្រូវរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១-៣ ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ នៅខេត្តកែប។
នៅគ្រាដែលបុណ្យសមុទ្រ កាន់តែខិតជិតមកដល់នេះ គេឃើញទាំងអាជ្ញាធរខេត្តកែប ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធកំពុងញាប់ដៃញាប់ជើង ក្នុងការរៀបចំទីតាំង កែលម្អហេដ្ឋារចនាសម្ព័ន្ធ សម្អាតអនាម័យ បរិស្ថាន ធ្វើយ៉ាងណារៀបចំបុណ្យសមុទ្រឱ្យបានល្អ ដើម្បីលើកមុខមាត់របស់កម្ពុជា។
ដោយឡែកបើក្រឡេកមើលអាជ្ញាធរក្រុងស្រុកទាំង២ គឺក្រុងកែប និងស្រុកដំណាក់ចង្អើរ របស់ខេត្តជាប់មាត់សមុទ្រមួយនេះ ក៏កំពុងតែមមាញឹកផងដែរ ដើម្បីរៀបចំលើកកម្ពស់ កែលម្អបរិស្ថាន អនាម័យ ក្នុងមូលដ្ឋានរៀងខ្លួន ឱ្យមានសណ្តាប់ធ្នាប់ និងសោភណ្ឌភាព ចាំទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ក្រុងកែប ដែលជាទីតាំងប្រារព្ធពិធីបុណ្យសមុទ្រ កំពុងបង្អួតខ្លួនយ៉ាងស្រស់ត្រកាល។
ថ្លែងក្នុងបទសម្ភាសជាមួយបណ្តាញព័ត៌មាន Fresh News លោក ខេង យ័ន អភិបាលក្រុងកែប បានបញ្ជាក់ឱ្យដឹងថា ពិធីបុណ្យសមុទ្រ ដែលរៀបចំឡើងនៅក្នុងខេត្តកែប នាដើមខែធ្នូខាងមុខនេះ ក្រោមការគិតគូររបស់លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប គឺអាជ្ញាធរមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ទៅលើអនាម័យ សណ្តាប់ធ្នាប់ សន្តិសុខ ក្នុងនោះរដ្ឋបាលក្រុងកែប ក៏មានរៀបចំនូវព្រឹត្តិការណ៍ ដើម្បីគាំទ្រដល់ការរៀបចំបុណ្យសមុទ្រ ដូចជា យុទ្ធនាការរើសសំរាមទូទាំងក្រុង ដែលមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ មន្ត្រីរាជការ បងប្អូនអាជីវករ។ បន្ថែមលើពីនេះ អាជ្ញាធរបានធ្វើការអប់រំផ្សព្វផ្សាយ ដល់បងប្អូនអាជីវករ នៅតំបន់កម្សាន្តសូមឱ្យពួកគាត់ មេត្តាលក់កុំដំឡើងថ្លៃហួសហេតុ។
សម្រាប់លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ បានថ្លែងបញ្ជាក់ផងដែរថា ឱកាសបុណ្យសមុទ្រនាថ្ងៃទី១-៣ខែធ្នូខាងមុខនេះ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានណែនាំជាប្រចាំដល់រដ្ឋបាលស្រុក ត្រូវរៀបចំឱ្យមានសោភណ្ឌភាព បរិស្ថាន អនាម័យ សណ្តាប់ធ្នាប់ ឱ្យបានល្អតាមបណ្តោយឆ្នេរ ពិសេសឆ្នេរអង្កោល ដែលជាឆ្នេរធម្មជាតិ ដើម្បីត្រៀមទទួលភ្ញៀវជាតិ និងអន្តរជាតិ។
លោកបន្តថា ក្រោមការដឹកនាំរបស់លោកអភិបាលខេត្ត សោម ពិសិដ្ឋ ខេត្តកែបទើបទទួលបានសមិទ្ធផលថ្មីមួយបន្ថែមទៀត គឺផ្លូវមួយខ្សែប្របមាត់សមុទ្រ ដែលភ្ជាប់ពីផែទេសចរណ៍ក្រុងកែប មកដល់ឆ្នេរអង្កោល ក្នុងស្រុកដំណាក់ចង្អើរ ដែលបានទាក់ទាញបងប្អូនភ្ញៀវទេសចរ មកកម្សាន្តនៅឆ្នេរអង្កោលយ៉ាងច្រើនកុះករ។
ទន្ទឹមនឹងការអញ្ជើញមកដល់នៃភ្ញៀវទេសចរ មកកាន់ឆ្នេរអង្កោលនេះ អាជ្ញាធរតែងតែណែនាំជាប្រចាំ ដល់បងប្អូនអាជីវករ ត្រូវរៀបចំបញ្ជីមុខម្ហូប ដោយមានដាក់តម្លៃច្បាស់លាស់ និងសមរម្យ ហើយអាហារត្រូវតែប្រកបដោយអនាម័យ កុំឱ្យមានការលួចបន្លំភ្នែកជញ្ជីង ធ្វើយ៉ាងណាឱ្យភ្ញៀវ ដែលមកលេងម្តងហើយ ចង់មកលេងជាថ្មីនៅពេលក្រោយៗទៀត។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យសមុទ្រនេះ គឺជាកម្មវិធីប្រចាំឆ្នាំដ៏ល្អមួយ ដើម្បីបង្ហាញភាពស្រស់ស្អាតនៃតំបន់ឆ្នេរកម្ពុជា ស្មារតីកីឡា និងវប្បធម៌ខ្មែរដ៏ប្រពៃទៅកាន់ពិភពលោក។ កម្មវិធីសប្បាយផ្សេងៗ សកម្មភាពកម្សាន្តចម្រុះ នឹងត្រូវរៀបចំឡើងទាំងពេលថ្ងៃ និងពេលយប់ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ទី៣ ខែធ្នូ ឆ្នាំ២០២៣៕